កញ្ញា ចាន់ គង្ការ គឺជាសិល្បៈការនីមួយរូបដែលបងប្អូនបានស្គាល់គាត់ថា គឺជាតារាម៉ូឌែលដែលមានរូបរាងដ៏ស្រឡូន ខ្ពស់ស្រឡះ ស្រស់ស្អាតបែបធម្មជាតិ មិនតែប៉ុណ្ណោះ ថែមទាំងចូលចិត្តចែករំលែកចំណេះដឹងទៅកាន់អ្នកគាំទ្រផងដែរ។
ដោយសង្កេតឃើញថាបងប្អូនមួយចំនួនមានបញ្ហាមិនសូវចូលចិត្តញ៉ាំទឹក ឬ ញ៉ាំមិនបានច្រើន និងខណៈអ្នកខ្លះទៀតខ្ជិលញ៉ាំទឹកតែម្ដងនោះ តារាស្រីពូកែចែករំលែករូបនេះបានធ្វើវីដេអូចែករំលែកពីក្បួនថ្មី ក្នុងការញ៉ាំទឹកឱ្យបានច្រើនហើយ ជាទឹកដែលមានរសជាតិឆ្ងាញ់ដែលធ្វើឱ្យយើងអាចញ៉ាំបានច្រើនថែមទៀតផង។
ទៀតសោត សម្រាប់ទិកនិចថ្មីនេះ គឺងាយស្រួលខ្លាំងមែនទែន ដោយគ្រាន់តែបងប្អូនយកក្រូចឆ្មា ពណ៌លឿងចំនួនមួយផ្លែ ឬ ២ផ្លែទៅតាមបរិមាណទឹក រួចធ្វើការហាន់ក្រូចឆ្មាជាចំណិតស្ដើងៗ រួចយកមកដាក់លាយជាមួយទឹក ហើយក្នុងនោះមានបន្ថែមជាមួយជីអង្គាម ដែលធ្វើឱ្យទឹកប្រែរសជាតិពីទឹកធម្មតាមកជាទឹកដែលមានក្លិនក្រអូប និងឈ្ងុយថែមទៀតផង បន្ថែមពីនេះ សម្រាប់អ្នកដែលចូលចិត្តទឹកកកអាចដាក់ទឹកកកបាន ប៉ុន្តែបើមិនចង់ដាក់ក៏បានដែរ(តាមចំណូលចិត្ត)។
តារាស្រីរាងស្រឡូន សម្បុរស្រអែមរូបនេះបានបន្ថែមថា ដើមឡើយកញ្ញាក៏មិនសូវចូលចិត្តញ៉ាំទឹកប៉ុន្មានដែរ ក៏ប៉ុន្តែចាប់តាំងពីចេះក្បួនថ្មីនេះមក គឺញ៉ាំទឹកបានច្រើនជាងមុនច្រើនណាស់។
កញ្ញាបានបញ្ចាក់ថា ការញ៉ាំទឹក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សុខភាពនិងសម្រស់ ហើយខាងក្រោមនេះ គឺជាការអត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់នៅពេលអ្នកព្យាយាមញ៉ាំទឹកបានគ្រប់គ្រាន់៖
-ជួយលាងសម្អាតភាពកខ្វក់នៅក្នុងពោះវៀន
-បញ្ចេញជាតិពុលពីក្នុងខ្លួន
-បង្កើនការឃ្លានអាហារពេលព្រឹក ធ្វើអ្នកញ៉ាំអាហារពេលព្រឹកបានច្រើនជាងមុន
-បង្ការអាការៈឈឺក្បាល
-ជួយបង្កើនល្បឿនប្រព័ន្ធកិនរំលាយអាហារបានល្អ
-បង្កើនថាមពលក្នុងខ្លួន
-ជួយរក្សានិងបញ្ចុះទម្ងន់បានល្អ
-ជួយឱ្យស្បែកស្រស់ថ្លា ភ្លឺរលោងទន់និងបង្ការភាពជ្រីវជ្រួញ កាត់បន្ថយការកើតមុន និងជួយឱ្យស្បែកមានសំណើមគ្រប់គ្រាន់
-បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
លើសពីនេះ សម្រាប់មនុស្សស្រីគួរតែញ៉ាំទឹកយ៉ាងហោចណាស់២.៧លីត្រក្នុងមួយថ្ងៃ រីឯបុរសវិញ គួរតែញ៉ាំទឹកឱ្យបាន៣.៧លីត្រក្នុងមួយថ្ងៃ ដើម្បីជួយទ្រទ្រង់ដល់រាងកាយឱ្យរឹងមាំនិងមានសុខភាពល្អ។
ប្រភពអត្ថបទ៖ Healthy Cambodia