FLASH NEWS
FLASH NEWS
Saturday, May 21, 2022

មិននឹកស្មានសោះ! វេជ្ជបណ្ឌិតបញ្ជាក់ថា គ្រាន់តែញ៉ាំទឹកដូងនឹងជួយឱ្យស្បែកភ្លឺថ្លា បង្ការទាំងជំងឺ

គ្រាន់តែដូងមួយផ្លែ បើនិយាយពីអត្ថប្រយោជន៍គឺច្រើនខ្លាំងមែនទែន រាប់តាំងពីសាច់ដូងខ្ចី ដូងចាស់ និងដូងទុំ ជាពិសេសគឺទឹកដូងដែលជាប្រភពវីតាមីន ខូឡាជែនដែលអាចជួយឱ្យស្បែកភ្លឺថ្លា ហើយការពារការកើតជំងឺថែមទៀតផង។

ជាការពិតណាស់ ទឹកដូងជាការពេញនិយមខ្លាំងមែនទែនសម្រាប់បងប្អូន មិនថាតែក្នុងប្រទេសកម្ពុជានោះទេ នៅតាមបណ្ដាប្រទេសដ៏ទៃទៀត ដូចជា​ថៃ ឡាវ វៀតណាម និងជនបរទេសក៏ចូលចិត្តញ៉ាំទឹកដូងផងដែរ ដោយសារតែទឹកដូងអាចជួយផ្ដល់ជាតិទឹកដល់រាងកាយបានខ្ពស់ ជាពិសេសគឺ នៅពេលអ្នកទៅលេងសមុទ្រតែម្ដង។

យោងតាមរបាយការណ៍ដែលបានផុសដោយ គេហៈទំព័រ Healthline បានរាយបញ្ជីអត្ថប្រយោជន៍នៃទឺកដូង ក្នុងការការពារជំងឺ​ និង​ ជួយសម្រស់ដូចខាងក្រោមដែលអ្នកត្រូវតែដឹង៖

បង្ការការកើតជំងឺទឹកនោមផ្អែម៖ ការស្រាវជ្រាវបានបង្ហាញថា ទឹកដូងអាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ​ ដោយសារទឹកដូងជាប្រភពនៃម៉ាញេស្យូមដែលអាចជួយបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងបន្ថយកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមកម្រិតទី២ ។

ការពារការកើតគ្រួសក្នុងតម្រងនោម៖ ការញ៉ាំទឹកដូងញឹកញាប់នឹងជួយបង្ការការកើតគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោមអាចកើតឡើងនៅពេលដែល កាល់ស្យូមអុកស៊ីតកម្ម​និងសមាសធាតុផ្សំផ្សេងទៀតផ្សំឡើងជាគ្រីស្តាល់នៅក្នុងទឹកនោមរបស់អ្នក ដែលវានឹងវិវត្តទៅជាគ្រួស ដូចនេះទឹកដូងបានការពារគ្រីស្តាល់មិនឱ្យជាប់នឹងតម្រងនោមនិងផ្នែកផ្សេងទៀតនៃបំពង់ទឹកនោមឡើយ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ទឹកដូងជួយកាត់បន្ថយការផលិតរ៉ាឌីកាល់សេរីដែលអាចកើតឡើងដើម្បីឆ្លើយតបទៅនឹងកម្រិតជាតិអុកស៊ីតកម្មខ្ពស់នៅក្នុងទឹកនោម។

ការពារជំងឺបេះដូង៖ ការទទួលទានទឹកដូងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដោយសារធាតុនៅក្នុងទឹកដូងជួយកាត់បន្ថយកូលេស្ដេរ៉ុលក្នុងឈាម និងទ្រីគ្លីសេរីត។

ដោយឡែកក្នុងគេហៈទំព័រ WWW.Dermstore.Com ក្នុងនោះលោកវេជ្ជបណ្ឌិត Erin Gilbertដែលជាគ្រូពេទ្យឯកទេសរោគសើស្បែកបានមានប្រសាន៍ថា ទឹកដូងគឺ ជាប្រភពសារធាតុចិញ្ចឹមនិងវីតាមីន ដូចជាវីតាមីនA និងK និងជាប្រភពនៃវីតាមីនBផងដែរ។ នៅក្នុងទឹកដូងមានសារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាសមាសធាតុសំខាន់ ព្រោះសារធាតុទាំងនេះនឹងមានប្រសិទ្ធភាពក្នុងការទាញយកជាតិពុលចេញពីរាងកាយ និងសម្បូរជាតិប៉ូតាស្យូមខ្ពស់ដែលជំរុញដល់ការលូតលាស់នៃស្បែកផងដែរ។

ប្រភពដដែលបន្តថា លោកស្រី Schulmanដែលជាអ្នកឯកទេសចំណីអាហារបានពន្យល់ថា ទឹកដូងបានដើរតួនាទីប្រឆាំងការរលាក់,បន្សាបជាតិពុល,និងប្រឆាំងការកើតមុនលើស្បែកផងដែរ។​ បន្ថែមពីនេះ លោកស្រីបន្តថា ទឹកដូងអាចជួយកាត់បន្ថយខ្លាញ់មិនល្អដែលលើសនៅលើស្បែករបស់អ្នក និងជួយផលិតខូឡាជែនសម្រាប់ស្បែកផងដែរ។

បន្ថែមពីនេះ វេជ្ជបណ្ឌិត Gilbertបាននិយាយថា វីតាមីននៅក្នុងទឹកដូងជួយបន្ថយនៃភាពចាស់នៃស្បែក ជួយជួសជុលនិងបណ្ដុះកោសិកាថ្មីៗសម្រាប់ស្បែក ដោយក្នុងទឹកមានប្រូតេអ៊ីន( Cytokines)ដែលមានវត្តមានក្នុងការទទួលខុសក្នុងការជំរុញការលូតលាស់កោសិកា លើសពិនេះ ទឹកដូងក៏មានផ្ទុកវីតាមីនCដែលជួយផលិតខូឡាជែន និងប្រឆាំងការខូចខាតស្បែកពីការបំផ្លាញរបស់ព្រះអាទិត្យ។

គួរបញ្ជាក់ថា ការញ៉ាំទឹកដូងទៀងទាត់នឹងជួយទប់ស្កាត់ការកើតជំងឺមួយចំនួន និងជួយផ្ដល់ជាតទឹកដល់រាងកាយបានល្អបំផុត ដែលធ្វើឱ្យស្បែកមានសំណើមស្រស់ថ្លាពីខាងក្នុង ការបារភាពជ្រីវជ្រួញ និងផ្ដល់ខូឡាជែនសម្រាប់ស្បែក។ ហើយអ្នកគួរតែពិសាទឹកដូងយ៉ាងតិច ៣ ទៅ៤ផ្លែ ក្នុងមួយអាទិត្យ។

ដូចនេះ ប្រសិនបើអ្នកចង់បានស្បែកម៉ដ្ឋភ្លឺថា និងមានសំណើមពីខាងក្នុង អ្នកគួរតែញ៉ាំទឹកដូងឱ្យបានទៀងទាត់ ហើយអ្វីដែលសំខាន់ទឹកដូងមិនពិបាករកទិញនោះទេនិងមានតម្លៃធូរថ្លៃផងដែរ ។

អត្ថបទដោយ ៖ Business Cambodia

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *